លទ្ធផលប្រឡងបាក់ឌុបនឹងប្រកាសនៅរសៀលនេះ សម្រាប់ភ្នំពេញ និងតាមខេត្តនានានៅថ្ងៃស្អែក
រាជធានីភ្នំពេញ ៖ លោកជា ជាតិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា លទ្ធផលប្រឡងបាក់ឌុបនឹងត្រូវបិទផ្សាយនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ សីហា ២០១១ នេះ សម្រាប់រាជធានីភ្នំពេញ គឺជាលទ្ធផលនៃការប្រឡងបាក់ឌុប កាលពីថ្ងៃទី២៥-២៦ និង២៧ កក្កដា ២០១១ កន្លងទៅថ្មីៗនេះ។ ដោយឡែកនៅថ្ងៃទី២០ សីហា ២០១១ នឹងប្រកាសនៅតាមបណ្តាមណ្ឌលប្រឡងនានាទូទាំងប្រទេស។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ រហូតមកដល់ពេលនេះថា តើបេក្ខជនជាប់ប៉ុន្មានភាគរយ ឬទទួលបាននិរទ្ទេសអ្វី (A.B.C.D) ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ផ្សាយតាមគេហទំព័ររបស់ខ្លួនឱ្យដឹងថា ឆ្នាំសិក្សា២០១១-២០១២ នេះ ក្រសួងអប់រំ នឹងធ្វើការជ្រើសរើសនិស្សិតចំនួន៥.៩២៥នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន៣៨ ដែលអាហារូបករណ៍ចែកចេញ ជាពីរប្រភេទ ៖
ប្រភេទទី១-អាហារូបករណ៍រដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនត្រូវផ្តល់សម្រាប់និស្សិតចំនួន៤.៩២៤នាក់ ។ ចំនួននេះត្រូវបានបែងចែកសម្រាប់សិស្សទូទៅ២.៩៥៤នាក់ សិស្សអាទិភាពនារី៧៣៩នាក់ សិស្សអាទិភាពក្រីក្រ៧៣៩នាក់ និងសិស្សអាទិភាពតំបន់ដាច់ស្រយាលចំនួន៤៩២នាក់?
ប្រភេទី២-អាហារូបករណ៍ ពិសេសសម្រាប់សិស្សក្រីក្រត្រូវផ្តល់សម្រាប់និស្សិតចំនួន១.០០០នាក់ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក។ អាហារូបករណ៍នេះផ្តល់ប្រាក់បង់ថ្លៃសិក្សាដល់គ្រឹះស្ថានឧត្តមសិក្សាដែលបានទទួលនិស្សិតអាហារូបករណ៍ពិសេសឱ្យចូលរៀន និងផ្តល់ប្រាក់ឧត្តមប្រចាំខែដល់និស្សិតសម្រាប់ទ្រទ្រង់ជីវភាពសិក្សា។ ប្រាក់ឧបត្ថម្ភមានចំនួនពីរប្រភេទ គឺចំនួន៧០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់និស្សិតដែលសិក្សានៅរាជធានីភ្នំពេញ និង៥០ដុល្លារអាេមរិកក្នុងមួយខែសម្រាប់និស្សិតដែលសិក្សានៅតាមបណ្តាខេត្ត ៕