រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋកុំប្រើហិង្សាពេលមានគ្រោះថ្នាក់ចរាចរណ៍
សកម្មភាពក្រុមពលរដ្ឋព្រួតគ្នាវាយដំជនសង្ស័យដែលក្រុមពលរដ្ឋចោទថា
ជននោះបានបង្កគ្រោះថ្នាក់ចរាចរណ៍និងបើករត់គេច
ចាប់ពីចំណុចម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ រហូតដល់ម្ដុំពេទ្យលោកសង្ឃ
រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋកុំឱ្យប្រើអំពើហិង្សាពេលមានគ្រោះថ្នាក់ចរាចរណ៍ តែត្រូវទុកលទ្ធភាពឱ្យសមត្ថកិច្ចដោះស្រាយរឿងនោះ។ ចំណែកមន្ត្រីសិទ្ធិមនុស្សវិញ អះអាងថា វប្បធម៌នៃការប្រើអំពើហិង្សាពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺផ្ដើមចេញពីការមិនទទួលខុសត្រូវរបស់ជនបង្កហេតុ និងការបាត់ទំនុកចិត្តរបស់ពលរដ្ឋលើការអនុវត្តច្បាប់របស់អាជ្ញាធរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែនៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ មេសា ថា ការប្រើអំពើហិង្សាពេលមានគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងមួយដ៏ឈឺចាប់ និងកើតឡើងដោយសារការធ្លាក់ចុះសីលធម៌សង្គម។ លោកបន្តថា ក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាដែលប្រកាន់ខ្ជាប់នូវធម៌ខន្តី និងការសន្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ការប្រើអំពើហិង្សាបែបនេះ មិនគួរកើតមានឡើយ។ លោកអំពាវនាវឱ្យពលរដ្ឋទាំងអស់បញ្ឈប់ការរកដំណោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដោយការប្រើហិង្សា ប៉ុន្តែត្រូវទុកឱកាសឱ្យសមត្ថកិច្ចជំនាញជាអ្នកដោះស្រាយវិញ។
ទោះបីជាយ៉ាងណា លោក ស ខេង ក៏បានស្តីបន្ទោសដល់សមត្ថកិច្ចជំនាញដែរ ដែលពេលខ្លះមានភាពយឺតយ៉ាវក្នុងការចុះធ្វើអន្តរាគមន៍ ទើបបណ្ដាលឱ្យមានអំពើហិង្សាកើតឡើង។ លោកអះអាង នឹងព្យាយាមកែលម្អចំណុចអសកម្មមួយនេះ ដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាកើតឡើងក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិនេះ គឺបន្ទាប់ពីមានករណីអំពើហិង្សាដោយហ្វូងមនុស្សមួយ បានកើតឡើង កាលពីខែមីនា កន្លងទៅ ដែលធ្វើឱ្យគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យកម្ពុជា គឺលោក ស៊ុយ សារ៉េត ស្ទើរតែបាត់បង់ជីវិតដោយសារអំពើហិង្សានោះ។ ក្រុមជនដៃដល់ដែលព្រួតគ្នាវាយដំលើ លោក ស៊ុយ សារ៉េត នោះ បានចោទលោកថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចខ្លួន។
ប្រធានគ្រប់គ្រងការិយាល័យសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា អំពើហិង្សាក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារមូលហេតុសំខាន់ពីរ គឺទីមួយ ការយល់ដឹងរបស់ពលរដ្ឋអំពីរឿងច្បាប់នៅមានកម្រិត និងការបាត់ជំនឿទៅលើការអនុវត្តច្បាប់របស់អាជ្ញាធរ។ លោកបន្តថា ដើម្បីអាចដោះស្រាយបញ្ហានេះបាន អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងស្មើភាពគ្នាដោយគ្មានការលើកលែង៖ «ដើម្បីលុបបំបាត់នូវបញ្ហាទាំងអស់នេះ ទី១ អ្នកអនុវត្តច្បាប់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទី២ ត្រូវមានការផ្សព្វផ្សាយច្បាប់ឱ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ។ ទី៣ អ្នកប្រព្រឹត្តខុស ត្រូវអនុវត្តតាមច្បាប់ មានន័យថា បើគាត់ត្រូវទទួលទោស ស្រាប់តែឱ្យគាត់រួចខ្លួន ពេលនោះប្រជាពលរដ្ឋនឹងបាត់បង់ជំនឿទៅលើសមត្ថកិច្ច និងប្រព័ន្ធតុលាការ ដូច្នេះគាត់តាំងខ្លួនជាតុលាការម្ដង ដូចនេះវាជាផលវិបាកសម្រាប់សង្គមយើង»។
ចំណែក ព្រះចៅអធិការវត្តប្រាសាទកណ្ដាល ហៅវត្តខា្ចស់ នៅខេត្តបន្ទាយមានជ័យ ព្រះមហាធម្មាលង្ការោ ចាន់ សុជន វិញ មានព្រះថេរដីកាថា ការអប់រំណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ អំពីគុណធម៌ និងសីលធម៌សង្គម គឺជារឿងចាំបាច់ដើម្បីបញ្ចៀសនូវអំពើហិង្សាបែបនេះ ប៉ុន្តែវាក៏ត្រូវដើរទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរ និងតុលាការដូចគ្នា បើពុំដូច្នោះទេករណីបែបនេះ នឹងបន្តកើតមានទៀតនៅក្នុងសង្គមខ្មែរ៖ «អស់លោកអ្នកផ្សេងៗទៀតទោះបីនៅក្នុងហេតុការណ៍នោះក្ដី មិននៅក្នុងហេតុការណ៍នោះក្ដី ក៏គួរតែផ្ដល់សិទ្ធិដល់អ្នកអនុវត្តច្បាប់ ដើម្បីចៀសវាងបញ្ហាថែមលើបញ្ហា តែយ៉ាងណាក៏ដោយចុះ អាត្មាចង់បញ្ជាក់ថា ទាល់តែយើងទុកចិត្តគ្នា។ ល្គឹកណាដែលច្បាប់រដ្ឋ មានការអនុវត្តក្នុងកម្រិតមួយដែលប្រជាពលរដ្ឋលែងទុកចិត្ត អាត្មាគិតថា ករណីដូចថ្ងៃមុននេះ នឹងបន្តកើតមានទៀត»។
ករណីមួយដែលពលរដ្ឋខ្មែរភាគច្រើន ប្រហែលជានៅចងចាំនោះ គឺកាលពីចុងឆ្នាំ ២០១៣ កន្លងទៅ រថយន្តរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា លោក ជាម យៀប បានបើករត់គេច ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កាលនោះ លោក ជាម យៀប បានដោះសាថា ការបើករត់គេចនេះដោយសារលោកមានអភ័យឯកសិទ្ធិ និងខ្លាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើលោកឈានជើងចេញពីរថយន្ត។ លោក ជាម យៀប មិនត្រូវបានតុលាការនាំខ្លួនមកកាត់ទោសរឿងគេចវេះមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុនោះទេ ដោយលោកគ្រាន់តែផ្ដល់លុយឱ្យគ្រួសារជនរងគ្រោះចំនួន ១ពាន់ដុល្លារ ជាការស្រេច។
រឿងនេះបានធ្វើឱ្យសាធារណជន ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើននាក់ សម្ដែងការមិនពេញចិត្ត និងខឹងសម្បារចំពោះអាជ្ញាធរដែលមិនបានជួយរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ដោយសារលោក ជាម យៀប ជាបុគ្គលមានលុយ និងមានអំណាច៕