អ្នកវិភាគស្នើព្រះមហាក្សត្រអន្តរាគមន៍រឿងវិបត្តិនយោបាយក្រោយព្រះអង្គយាងមកកម្ពុជាវិញ
ដំណើរយាងត្រឡប់មកវិញ របស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ មុនីនាថ សីហនុ នាពេលនេះ គឺបន្ទាប់ពីព្រះអង្គបានគង់នៅប្រទេសចិនអស់រយៈពេលជាង ១ខែមកហើយ ដើម្បីពិនិត្យព្រះរាជសុខភាព ប៉ុន្តែបើតាមការវិភាគរបស់អ្នកជំនាញវិញ ដំណើរយាងទៅប្រទេសចិនលើកនេះ ដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្ថលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលសភាឯកបក្សនៃរបបលោក ហ៊ុន សែន បង្កើតឡើងដោយខ្លួនឯង ផ្ទុយទៅនឹងខ្លឹមសារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងថា វត្តមានរបស់អង្គព្រះមហាក្សត្រនៅពេលនេះ គឺជាការចាំបាច់ដើម្បីឱ្យអ្នកនយោបាយគូបដិបក្ខ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ វិលមករកតុចរចាសាជាថ្មី។ លោកថា នៅក្នុងកាលៈទេសៈនយោបាយជាប់គាំងបែបនេះ ព្រះមហាក្សត្រទ្រង់គួរកោះហៅអ្នកនយោបាយឱ្យមកជួបជជែកគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់ទំនាស់នយោបាយដែលរ៉ាំរ៉ៃមកហើយនោះ ឱ្យផុតរលត់ត្រឹមនេះ ដើម្បីមានឱកាសជជែកពីរឿងរួមគ្នាកសាងជាតិមួយរឹងមាំឡើងវិញ៖ «ព្រះមហាក្សត្រត្រូវតែបង្ហាញពីព្រះហឫទ័យរបស់ព្រះអង្គចំពោះការចង់ជួយសម្របសម្រួលឱ្យខ្មែរវិលមករកកិច្ចចរចា។ នេះជាគន្លឹះសំខាន់ណាស់ មិនមែនត្រឹមតែយើងពឹងបរទេសច្រើននោះទេ តែបើពឹងលើអង្គព្រះមហាក្សត្រ ខ្ញុំគិតថា នឹងអាចបន្ថែមឱ្យមានកិច្ចចរចា ហើយថ្នាក់ដឹកនាំយើងមួយចំនួនក៏អាចងាកមករកការចរចាលឿនជាងមុនផងដែរ»។
អ្នកវិភាគនយោបាយរូបនេះបន្តថា ស្ថានភាពបច្ចុប្បន្ន គឺដល់ពេលដែលអង្គព្រះមហាក្សត្រទ្រង់បង្ហាញអំពីព្រះទ័យយកចិត្តទុកដាក់ចំពោះប្រជារាស្ត្រព្រះអង្គហើយ បើពុំដូច្នោះទេ ស្ថានភាពនយោបាយនឹងកាន់តែអាក្រក់ជាងនេះទៀត។ លោកថាមេដឹកនាំរបបក្រុងភ្នំពេញអាចមិនសូវខ្វល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ពិសេសក្រុមប្រទេសប្រជាធិបតេយ្យ ឱ្យមានការចរចាជាមួយបក្សសង្គ្រោះជាតិនោះទេ ព្រោះដោយសារមានប្រទេសចិនជាខ្នងបង្អែក តែលោកគិតថា សំណើរបស់ព្រះមហាក្សត្រអាចនឹងមានឥទ្ធិពលលើរបបក្រុងភ្នំពេញ ដោយសារតែពលរដ្ឋខ្មែរភាគច្រើននៅតែគោរពស្រឡាញ់ និងចាត់ទុកព្រះមហាក្សត្រជានិមិត្តរូបរបស់ជាតិដដែល៖ «ក្នុងនាមព្រះអង្គជាបិតាជាតិខ្មែរទាំងមូល តំណាងឱ្យនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគួរតែធ្វើអ្វីម្យ៉ាងដើម្បីឱ្យស្ថានភាពនយោបាយវិលត្រឡប់មករកភាពប្រក្រតីវិញ ពិសេសគឺត្រូវបង្ហាញព្រះរាជហឫទ័យយ៉ាងកក់ក្ដៅ និងជិតស្និទ្ធចំពោះបញ្ហានយោបាយដែលបានកើតឡើង ដើម្បីកុំឱ្យអ្នកនយោបាយដែលរងគ្រោះនោះ មានភាពរងា។ ប្រសិនបើព្រះអង្គប្រើប្រាស់នូវព្រះរាជតួនាទីរបស់ព្រះអង្គ គឺអាចជួយឱ្យអ្នកនយោបាយមានភាពកក់ក្តៅ ហើយនិងអាចគង់ជាម្លប់សម្រាប់កូនចៅទាំងអ្នកធំអ្នកតូច ឬមួយក៏អ្នកនយោបាយ រាប់ទាំងរាស្ត្រសាមញ្ញផង ទៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត»។
រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តភាពជាតិ។ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសិទ្ធិសញ្ញាអន្តរជាតិ។ លើសពីនេះ ព្រះមហាក្សត្រមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។
ព្រះមហាក្សត្រព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ បានយាងទៅទីក្រុងប៉េកាំងកាលពីចុងខែកុម្ភៈកន្លងទៅ។ ការចាកចេញរបស់ព្រះអង្គនៅពេលនោះ ធ្វើឡើងមុនពេលដែលទ្រង់ត្រូវឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលសភាបក្សកាន់អំណាចទើបនឹងអនុម័តចប់សព្វគ្រប់ដោយខ្លួនឯងនោះ។
ក្រោយពេលព្រះអង្គយាងចេញទៅ សេចក្ដីព្រាងច្បាប់ដែលរងការរិះគន់ថា ជាអាវុធស្របច្បាប់មួយទៀតសម្រាប់របបក្រុងភ្នំពេញដើម្បីលុបចោលគ្រប់ទម្រង់នៃការតវ៉ាដោយសន្តិវិធីនោះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ដោយប្រធានព្រឹទ្ធសភាបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ជំនួសឱ្យព្រះអង្គមហាក្សត្រ៕