កសិករ​ពី​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​​នៅ​តុលាការ​ស៊ីវិល​ថៃ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ថៃ


(រូប​តំណាង) ក្រុម​ប្រជាពលរដ្ឋ​ចាកចេញ​ពី​សាលាស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រែអំបិល​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ មីនា​ ឆ្នាំ​២០១៨​ បន្ទាប់​​​​​​​ពី​ពួកគេ​បាន​​​​សួរនាំ​អភិបាល​ស្រុក អំពី​ដំណើរ​នៃ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ដែល​នៅ​សេសសល់។ (រូបថត​ផ្តល់​ឲ្យ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​នៅ​ខេត្ត​កោះកុង)
កសិករពី​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​នៅ​តុលាការ​ស៊ីវិល​ថៃ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិតស្ករ​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី​ដោយ​ចោទប្រកាន់​ថា ​បាន​រំលោភ​សិទិ្ធរបស់​ខ្លួន ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ​ក្រុមហ៊ុន​នេះ​បាន​បណ្តេញ​ពួក​គេចេញ​ពី​ដី​ធ្លី។ នេះ​បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស។
ក្រុមសិទ្ធិ​មនុស្ស​ឈ្មោះ Inclusive Development International ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ​ថា បណ្តឹង​នេះ​បាន​ដាក់ក្នុង​នាម​មនុស្ស​ចំនួន​៣ពាន់​នាក់ ហើយ​វា​ជាពាក្យ​បណ្តឹង​ដំបូង​ដែលដាក់​នៅតុលាការ​ថៃ ​ដោយ​ដើម​បណ្តឹង​មក​ពី​ក្រៅ​ប្រទេស​ប្រឆាំង​នឹងក្រុមហ៊ុន​ថៃ​ដែល​កំពុង​ប្រតិបត្តិការនៅ​បរទេស។ ​ដើមបណ្តឹងបាន​ចោទ​ថា ក្រុមហ៊ុន​ Mitr Phol ដែល​ផលិតស្ករ ​ ​បាន​ប្រើ​អពើ​ហិង្សា​បណ្តេញ​ពួក​គេ​ពីដីធ្លី​និង​ផ្ទះសម្បែងរបស់គេ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​លោក ម៉ា អ៊ុកឈឿន ​ ជា​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ​បានថ្លែង​ថា «ចាប់​តាំងពី​ក្រុម​ហ៊ុន Mitr Phol ​បាន​យក​ដីលោក​និងគ្រួសារ ​វេទនា​ខ្លាំង​ណាស់។ ផ្ទះ​របស់​លោក​ត្រូវ​គេ​ដុត​បំផ្លាញ។ លោកត្រូវ​គេ​ចាប់​ខ្លួន​ដោយ​គ្មាន​ហេតុផល​ ហើយ​ជា​លទ្ធផល​គ្រួសារ​លោក​គ្មាន​អ្វី​បរិភោគ​ទេ ​គឺ​ត្រូវ​រើស​សំរាម​ដើម្បី​រស់។​

ក្រុមហ៊ុន ​Mitr Phol ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ផ្ញើ​ទៅ Reuters ថា ​ខ្លួនបាន​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ភាពជាដៃ​គូល្អ​ជាមួយ​រដ្ឋាភិបាល​ហើយ​ទទួល​បាន​ដី​សម្បទាន​បណ្តោះ​អាសន្ន​ស្រប​តាម​ច្បាប់​ក្នុង​ស្រុក គឺ​ច្បាប់​ជាតិ ​ដោយ​មាន​ការ​ធានា​ពី​អាជ្ញាធរ​ថា ​តំបន់​សម្បទាន​បណ្តោះ​អាសន្នទាំង​អស់​ស្រប​ច្បាប់​និង​មានតម្លាភាព​។ សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយ​ថា​ ក្រុមហ៊ុន​បាន​ដក​ខ្លួនពី​គម្រោង​នេះ​ក្នុងឆ្នាំ ២០១៤ ​ដោយសារ​ភាពតាន​តឹង​ផ្នែក​នយោបាយ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ​នឹង​ហានិភ័យ​អាជីវកម្ម ​ស្ថានភាពកសិកម្ម​អវិជ្ជមាន​ និង​ខូច​ឈ្មោះ​ជា​សាធារណៈ៕

Popular Posts